December 2, 2014 by

 Date: 11/30/14 

គួរឱ្យខ្មាសអៀន? 

នៅពេលខ្លះខ្ញុំបានគិតថា មនុស្សដែលបានកើត ក្នុងសម័យកាលនេះ អស្ចារ្យមែន ព្រោះមនុស្សបានឃើញ ហើយថែមទាំងបានប៉ះពាល់ នូវការចំរើនលូតលាស់ នូវចំណេះដឹង របស់មនុស្សជាតិស្ទើរដល់កំពូល។ កាលពីដើម មនុស្សបានគិតថា ផែនដីនេះ ជាផែនស្ករមួយយ៉ាងធំ ខ្លាំងណាស់ ដែលមិនអាចដើរ ដល់ទីបញ្ចប់បានឡើយ។ ប៉ុន្ដែដោយចំណេះដឹងរបស់មនុស្សសព្វថ្ងៃ ផែនដីដ៏ធំពីមុននោះ បានរួមមកតូច មកគ្រាន់តែជាដុំមូលមួយ ដែលគេអាចធ្វើ ដំណើរព័ទ្ធជុំវិញវា តែក្នុងរយៈពេលតិចជាង ២៤ម៉ោងផង តាមរយៈយន្ដហោះ កុងគ័ដ ដែលមាន ល្បឿន ប្រមាណជា 1,354 mph ឬ 2,179 km/h (ក្នុងមួយម៉ោង) ហើយគេអាចនិយាយទាក់ទងគ្នាបាន គ្រប់ពេលវេលា ពីផែនដីមា្ខង ទៅផែនដី ម្ខាង ដោយគ្រាន់តែ ប្រើទូរសព្ទតូច មួយប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលចំណេះ ប្រាជ្ញារបស់មនុស្ស កាន់តែចំរើនឡើង នោះមនុស្សក៏បានឃើញ ការអស្ចារ្យ ដែលគេយល់មិនដល់នោះ រឹតតែច្រើនណាស់ដែរ តើពិភពធំៗជាច្រើន ដែលអណ្ដែតក្នុងលំហរអាកាស ហើយមានដំណើរទៀងទាត់ ឥតលំអៀងតាមផ្លូវរបស់វានិមួយៗ ចំណេះមនុស្សគិតមិនដល់ តើមិនគួរសរសើរដំកើង ដល់ព្រះដែលជាអ្នកបង្កើតទេឬអី?  

ទន្ទឹមគ្នានឹងការអស្ចារ្យ នៃចំណេះវិជា្ជរបស់មនុស្ស ដែលបង្កើត ជារបស់ប្រើប្រាស់ ទំនើបៗ សំរាប់តម្រូវការ របស់ជិវិតមនុស្សនោះ មនុស្ស សម័យនេះ ក៏ខំប្រព្រឹត្ដ អាក្រក់មិនគប្បី ចាកសីលធម៌ជាច្រើន ឥតគណនាផងដែរ។ គេបាញ់ កាប់សម្លាប់គ្នា គេក្បត់គ្នា គេក្បត់មនសិការល្អ របស់គេ ប្រព្រឹត្ដអាក្រក់ ទាំងបំពាន ឥតចេះខ្មាស់អៀន ឱ្យតែមានទ្រព្យ នឹងយសស័ក្ដិផ្ទាល់ខ្លួន សូម្បីតែអ្នកកាន់សាសនា ជ្រុលនិយម អាយស៊ីស ក៏កំពុងតែសម្លាប់មនុស្ស យ៉ាងអមនុស្សធម៌បំផុតដែរ។ តើការចំរើនលូតលាស់ ដ៏កំពូលនៃវិទ្យាសាស្រ្ដ ក្នុងសម័យនេះ នឹងនាំ ឱ្យភពផែនដីនេះ ជួបនឹងវាសនាបែបណាទៅ? 

ព្រះបន្ទូលបានចែងច្បាស់ថា៖ នៅពេលដែល ចំណេះវិជ្ជា ប្រាជ្ញា និងការប្រព្រឹត្ដ អាក្រក់របស់មនុស្ស កាន់តែចំរើនឡើង នោះពេលវិនាសកម្ម នឹងទីបំផុតនៃផែនដីនេះ ជិតមកដល់ហើយ គឺព្រះអម្ចាស់ នឹងជិតយាងត្រឡប់មកវិញ ដើម្បីជំនុំជំរះមនុស្សលោក ទាំងអស់ដែលមានទោស ទាំងរស់ទាំងស្លាប់។ រឿងនេះសំខាន់ណាស់ បានជាព្រះយេស៊ូវបានផ្ដាំ ដល់សិស្សរបស់ទ្រង់ និងអ្នកជំនឿទាំងអស់ ឱ្យផ្សាយដំណឹងល្អ របស់ទ្រង់នេះ ដល់មនុស្សគ្រប់ជាតិសាសន៍ គ្រប់ជំនាន់ តាំងពីជាង២ពាន់ឆ្នាំមកហើយ ដើម្បីឱ្យមនុស្សបានរួចពីវិនាសកម្ម ហើយមាន ជីវិតអស់កល្បជានិច្ចផង។ នៅក្នុង ព្រះគម្ពីរម៉ាថាយ ២៨៖១៨-២០ ព្រះយេស៊ូវបាន មានបន្ទូលផ្ដាំមុនពេលទ្រង់យាង ត្រឡប់ទៅស្ថានសួគ៍វិញ ដែលជាមហាបញ្ជាចុងក្រោយបង្អស់ថា៖  

‹១៨ ឯ​ព្រះយេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះបន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​ បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ១៩ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល ​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ២០ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​›មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត ​កល្ប។

នៅពេលខ្លះខ្ញុំមានអារម្មណ៍ ដណ្ដឹងសួរខ្លួនឯងថា៖ មនុស្សមួយចំនួន គេបានប្រព្រឹត្ដ អាក្រក់ ណាស់ លោភលន់ កាប់សម្លាប់ ផិតក្បត់ ធ្វើយ៉ាងណា ឱ្យតែបានបំពេញបំណងចិត្ដ របស់ខ្លួន ដោយឥតមាន ការខ្មាស់អៀនអ្វីសោះ ម៉េចក៏គេធ្វើបាន? ចុះឯខ្ញុំវិញ គា្រន់តែប្រាប់គេ ឱ្យជឿព្រះយេស៊ូវ ដើម្បីឱ្យគេបានទទួល សម្បត្ដិសួគ៍ដ៏ល្អ បំផុតសំរាប់ជីវិតគេសោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវខ្មាសអៀនអីខ្លាំងម្ល៉េះ? បើខ្ញុំឥតបានប្រព្រឹត្ដឧក្រិត្ដិកម្ម ឬធ្វើអ្វីខុសនឹងអ្នកណាផង? ហើយខ្ញុំក៏ឥតមានបានកម្រៃ ឬក៏ខាតបង់អ្វីដែរ តើខ្ញុំធ្វើដើម្បីអ្វី? ហេតុអ្វីបាន ជាខ្ញុំខ្លាចខ្មាសគេ? បើគ្រាន់តែធ្វើតាមព្រះ ដោយស្រឡាញ់ទ្រង់ ជាពិសេសស្រឡាញ់អ្នកជិតខាង ដើម្បីឱ្យគេបានទទួលព្រះពរ ពិសេសនេះ តើខ្ញុំគួរលាក់ការនេះទេ? បើខ្ញុំលាក់ការនេះ ដូចជាខ្ញុំបានជីកដីកប់ លាក់ប្រាក់ ដែលព្រះបានប្រទានមក ដើម្បីបង្កើន ផលដូច្នេះ ដែរ។ មិនតែប៉ុណ្ណោះព្រះទ្រង់ បានសន្យាថា ទ្រង់គង់ជាមួយយើង គ្រប់ពេលដែលយើងធ្វើការ ថ្វាយទ្រង់ ដូច្នេះយើងត្រូវតែធ្វើការនេះជាដាច់ខាត។

សូមព្រះទ្រង់បង្កើនផលបន្ថែម ដ៏បរិបូរណ៍ដល់បងប្អូន

Â