February 12, 2014 by

 អត្ថបទសិក្សាព្រះគម្ពីរ 

យ៉ូហាន ៣៖១-១៦ 

Date: 2/12/14, 

កំណើតថ្មីរបស់មនុស្ស

១ រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម២ លោក​ក៏​មក​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ៤ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ៦ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះវិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ៧ កុំ​ឲ្យ​ឆ្ងល់ ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ៨ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ៩ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន១០ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ១១ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្តី​បន្ទាល់​របស់​យើង​ទេ១២ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថានសួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន១៣ គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះអង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្សដែល​នៅ​ស្ថានសួគ៌​នោះ​ឯង១៤ ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ១៥ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្សនោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ១៦ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ  

ក- ពិនិត្យអត្ថបទ៖ 

១- លោកនីកូដេម ជាពួកផារិស៊ីម្នាក់ បានមកជួបព្រះយេស៊ូវទាំងយប់ ដោយយល់ថា ព្រះយេស៊ូវ ជាមនុស្សពិសេស ដែលមកពីព្រះ។ 

២- ព្រះយេស៊ូវ បានលើកពីប្រធានបទមួយស្ដីពី ការកើតជាថ្មី ដែលជាប្រធានសំខាន់ មិនសំរាប់តែ លោកនីកូដេម ប៉ុណ្ណោះទេ តែសំរាប់មនុស្សជាតិទាំងអស់ នៅលើផែនដី។ 

៣- លោកនីកូដេម និងព្រះយេស៊ូវ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងប្រធានបទ ការកើតជាថ្មីនេះ។ 

៤- ខគន្លិះមាន៖ ខ៣, ខ៥, ខ៦, ៧, ៨, ខ១៣, ខ១៥, ខ១៦

ខ- ពន្យល់អត្ថន័យ៖ 

១- ក្នុងខ៣ ព្រះយេស៊ូវថា បើមិនបាន កើតជាថ្មី នោះគ្មានអ្នកណាអាច នឹងឃើញនគរ ព្រះបានទេ មានន័យថា បើមិនបានកើតជាថ្មី នោះមិនអាចទៅស្ថានសួគ៍បានឡើយ។ ការនេះសំខាន់ណាស់ ដូច្នេះហើយបានជាលោកនីកូដេម សួរបញ្ជាក់ ដើម្បីឱយ ព្រះយេស៊ូវ ពន្យល់ឱយបាន ច្បាស់លាស់ពីការកើតជាថ្មីនេះ តើមានន័យយ៉ាងដូចម្ដេច។ 

២- នៅខ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា​ បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា ​អាច​នឹង​ចូល​ទៅ ​ក្នុង​នគរ​ព្រះ​បាន​ទេ។ ពាក្យថា កើតអំពីទឹក នៅ ទីនេះ មិនសំដៅយក ការជ្រមុជទឹកនោះទេ តែសំដៅលើការ ស្អាតបរិសុទ្ធវិញ ព្រោះ ការជ្រមុជទឹក គឺគ្រាន់តែបញ្ជាក់ ពីការស្តាប់បង្គាប់ ដែលព្រះយេស៊ូវបាន បង្គាប់ឱយ ធ្វើការនេះ នឹងជាទីបន្ទាល់ ថាខ្លួនបានប្រែចិត្ដ ទទួលជឿព្រះ ហើយប៉ុណ្ណោះ មានតែ មនុស្សទេ ដែលបានធ្វើបុណ្យ ជ្រមុជទឹក ចំណែក ព្រះយេស៊ូវវិញ ទ្រង់មិនបានធ្វើ បុណ្យជ្រមុជទឹក ឱយមនុស្ស ណាម្នាក់នោះទេ គឺទ្រង់បានជ្រមុជគេ ដោយព្រះវិញ្ញាណ វិញ។ 

៣- ដូច្នេះការកើតជាថ្មីនេះ គឺជាការដែលកើត ដោយវិញ្ញាណ ដែលទ្រង់បានជ្រមុជ នោះឯង។ ក្នុងខ៨ ហើយ ការកើតជាថ្មីនេះ ក៏មើលមិនឃើញផង ព្រោះជាវិញ្ញាណ បីហាក់ដូចជាខ្យល់ ដែលរសាត់ចុះឡើងពិត តែមើលមិនឃើញឡើយ។ 

៤- ក្នុងខ១៣ ព្រះយេស៊ូវ បានបញ្ជាក់ថា ទ្រង់ជាព្រះដែល យាងចុះពីស្ថានសួគ៍មក ដើម្បីធ្វើការទាំងអស់នេះ គឺការឱយកំណើតថ្មី អំពីព្រះវិញ្ញាណ ដើម្បីឱយមនុស្សមាន សិទ្ធិ ចូលស្ថានសួគ៍ នេះឯង។

៥- ដោយសារ មនុស្សមានការពិបាកយល់ អំពីផ្នែកព្រលឹងវិញ្ញាណនេះ សូម្បីតែលោក នីកូដេម ដែលជាអ្នកធំ មានចំណេះជ្រៅជ្រះផង នៅតែ មិនបានយល់ច្បាស់ ពីការនេះ ទេ ដូច្នេះហើយ បានជាព្រះយេស៊ូវ មានបន្ទូលយ៉ាងខ្លី ក្នុងខ១៥ថា  ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ ​ដល់​កូន​មនុស្ស (គឺជឿដល់ទ្រង់) នោះមិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប ​ជានិច្ច​វិញ។ គឺគ្រាន់ជឿ ទុកចិត្ដ ដល់ទ្រង់ប៉ុណ្ណោះ។ 

៦- ក្នុងខ១៦ ព្រះទ្រង់បានស្រឡាញ់ មនុស្សលោកទាំងអស់ក៏ពិតមែន ប៉ុន្ដែមានតែអ្នក ដែលបានជឿ ដល់ព្រះរាជបុត្រា គឺព្រះយេស៊ូវប៉ុណ្ណោះ ដែលមិនត្រូវជាប់ជំនុំជំរះ ឬមានទោសឡើយ តែត្រូវបានជីវិត អស់កល្ប នៅនាស្ថានសួគ៍ ជាមួយទ្រង់វិញ មានន័យថា អស់អ្នកណា ដែលមិន បានជឿ ដល់ទ្រង់ នោះនឹងជាប់ជំនុំជំរះវិញ  ព្រោះព្រះទ្រង់ ជាព្រះដ៏ បរិសុទ្ធ សុចរិត យុតិធម៍ ទ្រង់មិនអាច រាប់អ្នកមានបាប ជាអត់ទោស នោះទេ។ 

គ- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖ 

១- ដូច្នេះកំណើតថ្មី ដែលកើតដោយសារ ព្រះវិញ្ញាណនេះ សំខាន់ខ្លាំងណាស់ សម្រាប់ មនុស្សគ្រប់រូប ដែលចង់ទៅនៅស្ថានសួគ៍ គឺព្រះយេស៊ូវ ដែលយាងចុះ ពីសា្ថនសួគ៍មក គឺដើម្បីលាង សំអាតមនុស្ស ឱយបានស្អាត ពីអំពើបាបរបស់ខ្លួន ដើម្បីឱយបានចូល ទៅទីបរិសុទ្ធរបស់ទ្រង់។

២- ព្រះយេស៊ូវ បានបញ្ជាក់ គ្រប់ទាំងសកម្មភាព របស់ទ្រង់ ថាទ្រង់ប្រាកដ ជាព្រះ ដែលបានយាងចុះ ពីស្ថានសួគ៍ពិតប្រាកដមែន គឺទ្រង់បានមក ចាប់កំណើត នឹងនាង ព្រហ្មចារីណ៍ ដែលមាន ព្រះវិញ្ញាណបរិសុទ្ធ ជាបិតា គឹជាព្រះ។ ទ្រង់បានសុគត តែបីថ្ងៃ ហើយទ្រង់ បានរស់ ឡើងវិញ ក៏បានយាង ត្រឡប់ទៅស្ថានសួគ៍ វិញទាំង ភ្នែកស្រស់ មានសិស្សទ្រង់ បានធ្វើបន្ទាល់ ពីការទាំងអស់នេះ ដោយមាន ទាំងកត់ ចារទុក ក្នុងព្រះគម្ពីរផង។ 

៣- ដោយសារព្រះគុណ ទ្រង់មានសេចកី្ដ អត់ធ្មត់នឹងអំពើបាប របស់មនុស្ស ទ្រង់បាន ប្រកាស ផ្សាយដំណឹងល្អនេះ អស់រាប់ពាន់ឆ្នាំហើយ ដើម្បីឱយមនុស្ស បានប្រែចិត្ដ ជឿដល់ទ្រង់ តើនេះមិនយុតិធម៌ ទេឬអី? តើព្រះទ្រង់មិនបានទុក ឱយអស់ លោក បងប្អូន មួយរយឆ្នាំ សំរាប់គិតពិចារណា នឹងធ្វើការសម្រេច ប្រែចិត្ដជឿ ដល់ទ្រង់ទេឬអី? នេះគឺជាការសំខាន់ តែមួយគត់ នៃជីវិតមនុស្សហើយ បើមិនមែនទេ តើមានអ្វី ដែលសំខាន់ ជាងនេះទៀត? សូមរកនឹកមើលចុះ លើសពីនេះគឹគ្មានអ្វី ក្រៅពី ការស្លាប់ទៅវិញ ជាអសារបង់ ប៉ុណ្ណោះ។ 

៤- ព្រះទ្រង់បានបង្កើត បក្សីមក ដែលជាសត្វ ដែលមានកំណើត ពីរដង គឺម្ដងដំបូង ជាពង ដែលនៅក្នុងរបាំង នៃសំបក មើលអី្វក៏មិនឃើញ សូម្បីតែមេ ដែលជាអ្នកបង្កើត ខ្លួនក៏មិនឃើញ មិនស្គាល់ផង ទាល់តែវាញាស់ គឺកើតជា ដំណាក់កាលទីពីរ ទើបវា បានស្គាល់ អី្វៗទាំងអស់។ 

៥- តើលោក អ្នកបានកើត ជាថ្មីហើយឬនៅ? បើនៅទេ តើចង់ទៅនៅ ស្ថានសួគ៌ឬទេ? បើចង់ សូមទូលសូម ទៅព្រះយេស៊ូវ តាមលំនាំ សេចក្ដីអធិស្ឋាន ដូចតទៅនេះ ៖ 

ឱ! ព្រះយេស៊ូវអើយ ទូលបង្គំជាមនុស្សមានបាប សូមទ្រង់មេត្ដា អត់ទោសបាប ឱយទូលបង្គំផង ហើយសូមទ្រង់អនុញ្ញាតិ ឱទូលបង្គំបានចូលទៅនៅ ក្នុងនគរ របស់ទ្រង់ផង។ អាម៉ិន 

សូមបងប្អូនស្វែងរក ព្រះវិហារ ជិតខាងបងប្អូន ដើម្បីចូលរួម ថា្វយបង្គំទ្រង់ នឹងរៀន ព្រះបន្ទូលទ្រង់ថែមទៀត។ 

បើបងប្អូនមានសំណួរអ្វី សូមទាក់ទងតាមរយៈ website: www.cambodiancc.org   

សូមព្រះដ៏មានព្រះជន្មរស់ ប្រទានពរ ដល់អស់ លោកអ្នក បងប្អូន។

Â