January 29, 2014 by

 

អត្ថបទសិក្សាព្រះគម្ពីរ 

យ៉ូហាន ២៖១-១១ 

Date: 1/25/14, 2:30am  

ទឹកក្លាយជាស្រា​នៅ​ភូមិ​កាណា  

១ លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហមង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ហើយ​មាតា​ព្រះយេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់ ២ គេ​បាន​អញ្ជើញ​ព្រះយេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ ៣ កាល​ស្រា​ទំពាំងបាយជូរ​អស់​ហើយ នោះ​មាតា​ព្រះយេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំងបាយជូរ​ហើយ ៤ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ ៥ មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ ៦ រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២ឬ៣​អម្រែក ៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង ៨ រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក​ជា​មង្គលការ​ចុះ គេ​ក៏​ដង​យក​ទៅ ៩ កាល​អ្នក​មង្គលការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំងបាយជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គលការ​ក៏​ហៅ​ប្តី​ថ្មោងថ្មី​មក​និយាយ​ថា ១០ មនុស្ស​ទាំងឡាយ គេ​តែង​តែ​លើក​ស្រា​ទំពាំងបាយជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំងបាយជូរ ដែល​មិនសូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំងបាយជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ ១១ ព្រះយេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ទាំង​សំដែង​សិរីល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់។   

ក- ពិនិត្យអត្ថបទ៖ 

១- ព្រះយេស៊ូវបានយាងចូលរួម វិធីមង្គលការ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ជាមួយសិស្សរបស់ទ្រង់ ដោយមាននាង ម៉ារីជាមាតា ទ្រង់ជាអ្នកចាត់ចែងការ នៅទីនោះ។ 

២- ស្រាទំពាំងបាយជូរបានត្រូវអស់ ម៉ារីបានប្រាប់ការនេះដល់ ព្រះយេស៊ូវ ឱយបានដឹង ក្នុងគោលបំណង ឱយទ្រង់ជួយ។ 

៣- យោលតាមសម្តី របស់នាងម៉ារី ហាក់ដូចជាដឹងច្បាស់ថា ព្រះយេស៊ូវអាចជួយ ធ្វើស្រា បន្ថែមឱយនាងបាន។ នេះសរ បញ្ជាក់ថា នាងម៉ារីជាមា្ដយ ធ្លាប់បានឃើញ ព្រះយេស៊ូវ សម្ដែងការអស្ចារ្យ ពីមុនរួចមកហើយ។ 

៤- ដំបូង ព្រះយេស៊ូវហាក់ដូចជាចង់ ប្រកែក តែបែរជាធ្វើសម្រេច ដោយសា្ដប់ បង្គាប់ម្ដាយវិញ។ 

៥- អ្នកបំរើ បានស្ដាប់បង្គាប់ ព្រះយេស៊ូវ តាមបញ្ជារបស់នាង ម៉ារី ដោយដងទឹក បំពេញ ពាងទាំងអស់។ 

៦- ព្រះយេស៊ូវមិនបានធ្វើអ្វី ក្រៅពីបង្គាប់ឱយដងទឹកចាក់បំពេញពាង ហើយបញ្ជា ឱយយក សា្រទៅឱយ ម្ចាស់ការ ដើម្បីភ្លក់ប៉ុណ្ណោះ។ 

៧- បងប្អូន ក៏អាចសង្កេតរក ចំណុចផ្សេងៗទៀតប្រសិនបើជាមាន។  

ខ- ពន្យល់អត្ថន័យ៖ 

១- ការអស្ចារ្យនេះ មនុស្សធម្មតា មិនអាចធ្វើបានទេ ការអស្ចារ្យនេះ គឺព្រះយេស៊ូវ បានធ្វើទឹក ឱយកា្លយ ជាស្រាទំពាំងបាយជូរ ដោយម្ចាស់មង្គលការ ឥតបានដឹង ថាមក ពីណាទេ គឺគ្រាន់តែដឹងថា សា្រថ្មីដែលទើបនឹងភ្លក់នេះ មានរស់ជាតិ ឆ្ងាញ់ជាង ស្រាមុន។ ការអស្ចារ្យនេះ មានលំនាំមិនខុសពីអ្វី ដែលកើតមានក្នុង ដំណើរការ ធម្មជាតី ដែរទេ គ្រាន់តែប្រើរយៈពេល យ៉ាងខ្លី បំផុតប៉ុណ្ណោះ។ 

២- សូមសង្កេតមើល ទឹកដែលកា្លយជាស្រាទំពាំងបាយជូរ ក្នុងដំណើរការធម្មជាតិ អ្នកបំរើត្រូវដង ទឹកចាក់គល់ ដើមទំពាំងបាយជូរ ទឹករំលាយក៏ជាតិរ៉ែ គ្រប់ប្រភេទក្នុងដី ដែលផ្លែ ទំពាំងបាយជូរ ត្រូវការ ក៏ត្រូវស្រូបឡើង ដោយឬសវា ដើម្បីបង្កើត ផ្លែទំពាំង បាយជូរ ហើយត្រូវរង់ចាំ ក្នុងរយៈពេល យ៉ាងយូរខែរហូត ដល់បានផល យកទៅគាប យកទឹកទំពាំងបាយជូរ ហើយត្រូវរក្សាទុកជាយូរឆ្នាំទៀត ទើបបានកា្លយ ជាស្រាល្អ បាន។ ដូច្នេះការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើទឹក ឱយកា្លយជាស្រានេះ គ្រាន់តែជាការ បំព្រួយ ដំណើរការ ដែលមាន ក្នុងធម្មជាតិ មកក្នុងព្រះហស្ថទ្រង់ ប៉ុណ្ណោះ ដោយប្រើ រយៈ ពេលខ្លីបំផុត គឺគ្រាន់តែឱយអ្នកបំរើ ដងទឹកចាក់ ក្នុងពាង តែម្តង ហើយទ្រង់ គ្រាន់តែ បន្ថែម សារជាតិ របស់ស្រាទំពាំងបាយជូរ ដែលមាននៅ ក្នុងអង្គទ្រង់ស្រាប់ គឺនៅក្នុងព្រះចេស្ដាទ្រង់ (ក្នុងទ្រង់មានគ្រប់ទាំងអស់)។ 

៣- បទគម្ពីរនេះ បានបញ្ជាក់ថា ព្រះយេស៊ូវជា ព្រះ ព្រោះទ្រង់អាចបង្កើតរបស់ ដែលមានក្នុងធម្មជាតិ ដែលជារបស់ដែលព្រះបានបង្កើតដែរ គឺ របស់ដែលកើតមាន ក្នុងធម្មជាតិ ទ្រង់អាចធ្វើបានដូចគ្នា ដោយប្រើពេលវេលាយ៉ាងខ្លីបំផុត។ 

៤- សូមបញ្ជាក់ថា៖ ព្រះយេស៊ូវមិនមែនជា ចិនប៉ាហ៊ីទេ គឺទ្រង់មិនបាន សំដែង ដោយប្រើវិធី បន្លំឆ្ពិនភ្នែកនោះទេ អ្វីដែលទ្រង់បានធ្វើជារបស់ពិតប្រាកដ ទ្រង់ជាសេចក្ដីពិត។ 

៥- បងប្អូនប្រហែល ជាអាចមានចំណុច ពន្យល់បន្ថែមទៀតបានដែរ។  

គ- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖ 

១- ក្នុងវិធីមង្គលការត្រូវមានវត្ដមានព្រះចូលរួម 

២- ព្រះយេស៊ូវជួយបំពេញ ឬបង្គ្រប់ការខ្វះខាត 

៣- ចូរបែររក ទូលសូមដល់ព្រះយេស៊ូវ នៅពេលយើងត្រូវការជំនួយចាំបាច់ 

៤- បំពេញភារកិច្ចរបស់យើង ដើម្បីព្រះបង្ហើយការអស្ចារ្យទ្រង់អោយយើង។ 

៥- បងប្អូនអាចស្វែង រកចំណុចអនុវត្តន៍ ជាច្រើនទៀតបាន។  

សំនួរ៖  អត្ថបទនេះអាចបង្កើតជាសំណួរថា៖ 

១- តើគ្រិស្ទានទទួលទានស្រាបានឬទេ? 

កំណត់សម្គាល់៖ ស្រាទំពាំងបាយជូរប្រភេទនេះ ជាទឹកភេសជ្ជៈ។ ទឹកផ្លែទំពាំងបាយជូរ ជាទឹកផ្លែឈើពិសេសម្យ៉ាង ដែលទុកយូរ មិនចេះផ្អូម តែបានក្លាយជា ស្រាវិញ ដោយ ឯកឯង ដោយមិនបាច់ថែម សារជាតិអ្វីទៀតឡើយ ហើយក៏ជាវិធីដើម្បីទុក ទឹកផ្លែទំពាំងបាយជូរ ទទួលទានជាភេសជ្ជៈ នៅគ្រប់រដូវបាន។ 

ចម្លើយ៖ ការទទួលស្រាទំពាំងបាយជូរ មិននាំឲយបាបនោះទេ តែការស្រវឹងនោះនាំអោយមាន បាប ដូច្នេះគួរទទួលទាន បែបដែលគួរ ថ្លៃថ្នូរ មិនមែនដោយបែបឡូឡាទេ។  

ការទទួលទានស្រា របស់គ្រិស្ទានជាប្រធានបទមួយយ៉ាងរសើប ដោយ មានយោបល់ នឹងគំនិតជំទាស់ជាច្រើនផង។ 

សរុបសេចក្ដី បើសិនណាជាមិនចាំបាច់ ឬក៏ទទួលទានដោយចិត្ដសង្ស័យ ឬក៏ចង់រក្សាភាពវិសុទ្ធ ឬបរិសុទ្ធ ថ្វាយព្រះ នោះចូរកុំទទួលទានតែម្តង នោះជាការល្អ នឹងឥតនាំអោយមានសៅហ្មងផង។

 

 

 

 

Â