March 15, 2012 by

 

ព្រលឹងមនុស្ស

បើតាមការសង្កេតឃើញ មនុស្សជាសត្វលោកមានជីវិតម្យ៉ាងខុសប្លែក ពីសត្វដទៃ ទាំងពួងទោះធំ ឬតូចក្តី នៅលើផែនដីទាំងមូល ទាំងរូបកាយ ជីវិតរស់នៅ ការទាក់ទងគ្នាការឈ្លាសវៃ ព្រមទាំងមានអំណាចត្រួតត្រា លើសត្វគ្រប់ប្រភេទ នៅលើផែនដីផង។ ថ្វីត្បិតតែសត្វស្វា វាមានលក្ខណខ្លះដូចជាមនុស្ស ក៏ពិតមែន ប៉ុន្តែមនុស្ស ប្រាកដច្បាស់ ណាស់គឺមិនបានធ្វើវិវត្តពីពូជស្វាមកទេ ព្រោះ៖

1.   សត្វស្វាឥតមានឈាមដូចមនុស្សទេបើវាមានពូជជាមួយគ្នា ឈាមវាក៏ដូចគ្នានឹង មនុស្សដែរ បើឈាមវាដូចគ្នា ក្រសួងសុខាភិបាលក្នុងពិភពលោកទាំងមូលមិន ពិបាកប្រកាសសុំអំណោយទានឈាម ឬទិញឈាមសម្រាប់ជំនួយសង្រ្គោះនោះទេ ម្លេះគេនាំគ្នាចិញ្ចឹមស្វាសំរាប់ការយកឈាមនោះទៅហើយ។

2.   សព្វថ្ងៃនេះគេមិនដែលប្រទះឃើញ ក្រុមស្វា ឬពូជស្វា ឬបុគ្គលស្វាណាមួយ កំពុង តែធ្វើវិវត្តនោះសោះ។

3.   ប្រាជ្ញារបស់ជនជាតិស្វាមើលទៅដូចជាឆ្លាតជាងសត្វដទៃមែន ប៉ុន្តែវានៅតែមានព្រំ ដែន ដូចសត្វដទៃដែរ គឺវាមិនអាចឆ្លាតលើស ពីកំណត់ព្រំដែនរបស់វាទេ។

4.     គ្មានភ័ស្តុតាងពិតប្រាកដណាមួយបញ្ជាក់បង្ហាញពីការនេះ ទាល់តែសោះ គឺវាគ្រាន់ តែការគិតស្រម័យ ប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រប៉ុណោះ។

5.     ស្វាជាសត្វវាឥតមានព្រលឹងទេ។ យើងឥតដែលឃើញមានក្រុម ឬពូជស្វាណា ហៅប្រជុំគ្នាថ្វាយបង្គំព្រះ ឬមានជឿសាសនាអ្វី ដែលជាផ្នែកព្រលឹងវិញ្ញាណ សោះឡើយ ។

យើងបានដឺងថាមនុស្សមានព្រលឹង ដោយសារព្រះគម្ពីរ បានសរសរទុកមក ច្បាស់ លាស់ណាស់អំពីការដែលព្រះទ្រង់បានបង្កើតមនុស្សមក គឺនៅក្នុង គម្ពីរ លោកុប្បត្តិ 2៖7  "ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។"

1.   អត្ថន័យនៃព្រលឹង៖ ដូច្នេះបើយោលទៅតាមព្រះគម្ពីរ ព្រលឹង គឺជាខ្យល់ដង្ហើម ពិសេស របស់ព្រះ គឺជាខ្យល់ដង្ហើមជីវិត ក៏ជាអំណាច ឬកម្លាំងដែលជម្រុញ  រូបកាយរបស់មនុស្ស ឱ្យមានចលនា ហើយមានជីវិតរស់ឡើង។ លើសពីនោះ ខ្យល់ដង្ហើមជីវិតនោះ ក៏បានត្រឡប់ ជាព្រលឹងដ៏រស់ របស់ មនុស្សនោះផងដែរ។

2.   លក្ខណរបស់ព្រលឹង៖ ព្រលឹងនៅតែរស់រហូត ទោះរូបកាយស្លាប់ក៏ដោយ

a. ព្រលឹងនៅរស់ ហើយអាចចូលក្នុងរូបកាយថ្មី៖ គម្ពីរ៎ (សាំយូអែលទី១ 28៖12-15) កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូអែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល ១៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក ១៤ ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូអែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។ ១៥ ឯ​សាំយូអែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូលបង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​ព្រះបន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​លោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា។"

b. ព្រលឹងនៅរស់ ហើយមានវិញ្ញាណ សំដៅយកវិញ្ញាណរបស់ព្រលឹង ដែល មានវិញ្ញាណទាំង៥ដូចជារូបកាយដែរ ព្រោះព្រះបានបង្កើតរូបកាយ មនុស្សមក តម្រុវនឹងដង្ហើមជីវិតដែលជាព្រលឹងនោះឯង។ នៅក្នុងព្រះគម្ពីរ លូកា 16៖20-25 "គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ និង​ឡាសារ​នៅ​ដើម​ទ្រូង​លោក ២៤ នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ ២៥ តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្តី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្តី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា ២៦ មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​និង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ ២៧ គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច ២៨ ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ"។

បើយើងពិនិត្យមើលរឿងខាងលើនេះ គឺជារឿងរបស់មនុស្សដែលស្លាប់ទៅហើយ  នៅស្ថាន ឃុំព្រលឹង ហើយនិយាយពីសកម្មភាពរបស់ព្រលឹងទាំងនោះ។  ចូរពិនិត្យមើលពាក្យ ដែល មានគូសបន្ទាត់ពីក្រោម ពាក្យទាំងនោះ បានបញ្ជាក់ថា ព្រលឹងមាន៖ មានរូបរាងដែរ (គឺរូប កាយរបស់ព្រលឹង), មានភ្នែកអាចមើលឃើញ, មានមាត់អាចស្រែកហៅ, មានអណ្តាត ដែលស្រេកទឹក, មានម្រាមដៃអាចជ្រលក់ទឹក,  អាចនៅចាំ ហើយស្គាល់គ្នា, មានអារម្មណ៍ ដឹងក្តៅត្រជាក់, ចេះអាណិតអាសូរ, ដឹងវេទនា, ឬ កំសាន្តចិត្ត មានការភ័យខ្លាច ការទាំង អស់នេះ ក៏មានដូចពីកាលមនុស្សនៅរស់ជារូបកាយដែរ។

-ដូច្នះព្រលឹងមនុស្ស បានរស់នៅបន្តទៅទៀត ក្រោយពីរូបកាយបានស្លាប់ទៅ។

-ម្យ៉ាងទៀតព្រលឹងទេ ជាអ្នកមានអារម្មណ៍ ទទួលរងទុក្ខ មិនមែនជារូបកាយទេ ព្រោះរូប កាយ ដែលឥតមានព្រលឹង គឺឥតមានទាំងវិញ្ញាណ ហើយឥតមានដឹងអ្វីទាំងអស់។ ដូច្នេះព្រលឹងគឹជាខ្យល់ ដង្ហើមជីវិតដែលចេញអំពីព្រះមក ប្រដាប់ដោយ ចិត្ត, គំនិត, អារម្មណ៍, ឆន្ទ, និង វិញ្ញាណ មកជាមួយជាស្រេចហើយ។ ចំណែកឯរូបកាយវិញ នោះពិត ជាគ្រាន់តែជាសំណាក សូនអំពីដី គ្រាន់តែជា សំបកក្រៅបណ្តោះអាសន្ន មួយរយ: ដូច ព្រះបន្ទូលបាន ចែងទុកមកមែន។ សរុបសេចក្តីទៅ  ព្រលឹង គឺជាជីវិត ដែលរស់របស់ មនុស្ស ទោះមានរូបកាយ ឬឥតរូបកាយក្តី គ្រាន់តែ ភ្នែកយើងសព្វថ្ងៃនេះ មិនអាចមើល ឃើញព្រលឹងបានទេ។  

 វិញ្ញាណ - ដោយព្រលឹងជា អរូបិយនាម ដែលមើលមិនឃើញ យល់ក៏មិនច្បាស់ អំពីព្រលឹង មនុស្សសាម្មញ្ញ បានប្រើពាក្យវិញ្ញាណ និងព្រលឹង ជំនួសគ្នាទៅវិញទៅមក ដូចជាមានន័យតែ១។ ប៉ុន្តែបើយោលទៅតាមព្រះគម្ពីរវិញ ពាក្យទាំងពីរ គឺមានន័យខុសគ្នា គឺ វិញ្ញាណ គ្រាន់តែជា ផ្នែកមួយរបស់ព្រលឹងប៉ុណ្ណោះ។ លើសពីនេះវិញ្ញាអាចមានន័យ ពីរយ៉ាង៖

ក. វិញ្ញាណ (Senses) ជាផ្នែកមួយ របស់ព្រលឹង ដែលជាប្រដាប់ សម្រាប់ទទួល ដំណឹង, សញ្ញា, សម្លេង, រូបភាព, ដើម្បីបញ្ជូនទៅចិត្ត ដែលជាផ្នែកមួយទៀត នៃព្រលឹង ដើម្បីចងចាំ។

ខ. វិញ្ញាណ (Spirit) ដូចជាវិញ្ញាណបរិសុទ្ធ (Holy Spirit) ព្រះទ្រង់ជាវិញ្ញាណ គឺសំដៅ ទៅលើជីវិតដែលមើលមិនឃើញ- ដូចជា ព្រលឹងខ្មោច អារក្ស ជាវិញ្ញាណ ជាដើម។

3. ការស្លាប់នៃព្រលឹង. គា្មនអ្នកណាអាចសម្លាប់ព្រលឹង បានឡើយ មានតែព្រះ១ ប៉ុណ្ណោះ។

Matthew 10:28 "កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះអង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូបកាយ​វិនាស​ទៅ​ក្នុង​នរក​ផង"

ជាចុងក្រោយព្រលឹងនឹងត្រូវជំនុំ ជំរះ ដោយព្រោះអំពើបាប ព្រលឹងណាដែលត្រូវកាត់ ទោសបោះចូល ទៅក្នុងបឹងភ្លើង ដែលហៅថាសេចក្តី ស្លាប់ទី២ (ស្លាប់ទី១ គឺការមិនស្តាប់ បង្គាប់ព្រះ ប្រព្រឹត្តអំពើបាប ត្រូវបែកចេញមិនស្គាល់ព្រះ ប៉ុន្តែនៅមានឱកាស លន់តួរបាប តែសេចក្តីស្លាប់ទី២ ជាការស្លាប់ចុងក្រោយ ឥតមានឱកាសទៀតទេ)។

ការ​វិនិច្ឆ័យ​ទោស​ចុង​ក្រោយ​បង្អស់  វិវរណ 20៖11-15

១១ ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ស​១​យ៉ាង​ធំ និង​ព្រះអង្គ​ដែល​គង់​លើ ឯ​ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ពី​ចំពោះ​ទ្រង់​ចេញ ឥត​ឃើញ​មាន​កន្លែង​ណា​ឲ្យ​នៅ​ទៀត​ឡើយ ១២ នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺ​ជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៣ ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំជំរះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៤ ចំណែក​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ នេះ​ជា​សេចក្តី​ស្លាប់​ទី​២ ១៥ បើ​អ្នក​ណា​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។

តម្លៃនៃព្រលឹង- បើយោលទៅតាមព្រះបន្ទូល ព្រលឹងមានតម្លៃ លើសប្រមាណមិនអាចកាត់ តម្លៃជាមាស ឬ ប្រាក់បានឡើយ។

ក. តម្លៃលើស រូបកាយ កែវភ្នែក ឬអវយវ  

Matthew 18:8  ៨ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឱ្យអ្នកមានបាប នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច ៩ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​អ្នកមានបាប ចូរ​ខ្វេះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។

ខ. តម្លៃលើស​លោកីយ៍ទាំងមូល.

Matthew 16:26 "២៦ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ។"

ព្រលឹងជាខ្យល់ដង្ហើមជីវិត របស់ព្រះដ៏មានព្រះជន្មរស់ នៅអស់កល្ប  ដូច្នេះព្រលឹងក៏ជា ជីវិតរស់នៅអស់កល្បដែរដោយគ្រាន់តែខុសកន្លែងគ្នាប៉ុណ្ណោះ គឺអស់ទាំងព្រលឹងណា ដែលបានទទួលជឿព្រះយេស៊ូវគ្រិស្ទ  នោះនឹងបានរស់នៅជាមួយព្រះអស់កល្ប នៅឯ ស្ថានសួគ៌ តែអស់អ្នកណាដែល មិនបានជឿវិញ នោះនឹងត្រូវ ជំនុំជំរះ កាត់ទោស បោះ ចូល ទៅក្នុងបឹងភ្លើង  ក្តៅអស់កល្បជានិច្ចវិញ ដោយព្រោះអំពើបាប។

វាសនានៃព្រលឹង របស់អស់លោក បងប្អូន គឺពឹងផ្អែក លើការសម្រេចចិត្ត អស់លោក បងប្អូនហើយ។ ការសម្រេចចិត្ត ថ្ងៃនេះសម្រាប់ជោគវាសនានៃព្រលឹង នៅថ្ងៃស្អែក។

សូមទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ដើម្បីកុំឱ្យហួសពេល  ព្រោះព្រះបន្ទូលជា សេចក្តីពិត។

សូមព្រះទ្រង់ប្រទានពរ!

 

1 Liked
 likes this.