May 8, 2013 by

ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ពី បទ​ពិសោធន៍​ដ៏​ថ្មី​ស្រឡាង​មួយ​សំរាប់​ជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ក្នុង​រយះ​ពេល​៣៣ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​រឿង​រ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​ដែល​ប្រពន្ធ​របស់​ខ្ញុំ​សំរាក​កូន​ទី​២​របស់​យើង​។

នៅផ្ទះរបស់​យើង..

ព្រឹក​ថ្ងៃ​សៅរ៍​ទី ២០​ ខែ​មេសា​ ឆ្នាំ២០១៣, ប្រពន្ធ​របស់​ខ្ញុំ​បាន​ប្រាប់​ថា នាង​មាន​ហូរ​ទឹក​ចេញ​មក (ប្រពន្ធ​របស់​ខ្ញុំ​គ្រប់​ខែ​ត្រូវ​ឆ្លង​ទន្លេរហើយ ថែម​ទាំង​លើស​ថ្ងៃ​កំណត់​៤​ថ្ងៃ​ទៀត​ផង) នោះ​វា​ជា​សញ្ញា​មួយ​បាន​ប្រាប់​ពួក​យើង​អោយ​ដឹង​ថា នេះ​ប្រហែល​ជា​ត្រូវ​ដល់​ពេល​កូន​កើត​ហើយ ព្រោះ​យើង​បាន​រង់​ចាំ​ពេល​វេលានេះ​អស់​រយះពេល​ជា​យូរ​យារ​ណាស់​មក​ហើយ! (បន្ទាប់​ពី​កូន​ស្រី​ទី១​របស់​យើង ពិសិដ្ឋ ហ្រ្គេស សូហ្វៀ មាន​អាយុ៣ឆ្នាំកន្លះ យើង​សម្រេច​ចិត្ត​ និង​យល់​ព្រម​ជាមួយ​គ្នា​ថា​នឹង​យក​កូន​មួយ​ទៀត ហើយ​សង្ឃឹម​ថា​ជាកូន​ប្រុស​ទៅ ចុះ។)  យើង​ទាំង​២នាក់​រៀប​ចំខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន សម្ភព​សោភា ចំណែក​អីវ៉ាន់​ផ្សេងៗ​សំរាប់​កូន​តូច និង​សំរាប់​ឪពុក​ម្ដាយ​ក៏​រៀប​ចំរួច​ជា​ស្រេច​នៅ​ក្នុង​ឡាន​តាំង​ពីមួយ​ខែមុន​មក​ម្លេះ (ប្រពន្ធ​ខ្ញុំ​ចេះ​តែ​រៀប​ចំ​អោយ​ហើយ​ទៅ ក្រែង​លោ​កូន​កើត​មក​មុន​​ទៅ​ យើង​មិន​ចាំ​បាច់​ប្រញ៉េប​ប្រញ៉ាប់ ភ្លេច​នេះ​ ភ្លេច​នោះ ខ្វះ​មុខ ខ្វះ​ក្រោយ)។ រង់​ចាំ​បន្តិច ទំរាំ​ម៉ីង​របស់​ខ្ញុំ​មក​ដល់ យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ចំណែក​ឯ​កូន​ស្រី​របស់​ខ្ញុំ សូ​ហ្វៀ ត្រូវ​នៅ​ជាមួយ​យាយ​នៅ​ផ្ទះ។ ម៉ីង​ខ្ញុំ​មក​ដល់​ហើយ ចឹង​យើង​ឡើង​ឡាន​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ច្រាស​ច្រាល ចង់​ចាប់​នេះ​ចាប់​នោះ​ខុស តែ​ខ្ញុំ​ត្រូវ​បង្អាក់​បន្តិច​ ហើយ​ដក​ដង្ហើម​ធំ​មួយ​ដើម្បី​បន្ធូរ​ភាព​តាន​តឹង នឹង​ប្រមូល​អារម្មណ៍​មក​វិញ។ ងាក​មើល​មក​ទឹក​មុខ​ប្រពន្ធ​របស់ខ្ញុំ គាត់​បញ្ចេញ​អារម្មណ៍​ឈឺ​ចាប់​តាម​បែប​ស្ត្រី​ឈឺ​ពោះ​សំរាល​កូន តែ​មិន​ទាន់​ដល់​តំណាក់​កាល​ខ្លាំង​នៅ​ឡើយ​ទេ។

 

មកដល់​មន្ទីរពេទ្យ…

ម៉ោង​ប្រហែល​ជា​១១ យើង​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ទៅ​ដល់​មន្ទីរពេទ្យ ប្រពន្ធ​នឹង​ម៉ីង​របស់​ខ្ញុំ​ចេញ​ពី​ឡាន ឯ​ចំណែក​ខ្ញុំ​វិញ​ត្រូវ​រក​កន្លែង​ចត​ឡាន។ ចូល​ទៅ​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​បាន​ពេទ្យ​នាំ​យក​ទៅ បន្ទប់​ពិនិត្យ ចេញ​មក​វិញ​ខ្ញុំ​សួរ​គាត់​ថា “ពេទ្យ​ថា​យ៉ាង​ម៉េច​ទៅ​ហើយ?” គាត់​គ្រាន់​តែ​លើក​ដៃ​ជា​សញ្ញា​ ដោយ​ប្រើ​ម្រាម​ដៃ​៣ នោះ​បញ្ជាក់​ថា ស្បូន​បើកបាន​៣សង់ទីម៉ែត្រហើយ។ បន្ទាប់​ពីរៀប​ចំឯកសារ​រួច​រាល់​ហើយ យើង​ត្រូវ​បាន​នាំ​ទៅ​បន្ទប់​សំរាក​រង់​ចាំ​មួយ ពេល​នោះ​បង​ប្រុស​របស់​ប្រពន្ធខ្ញុំ និង​ប្អូន​ថ្លៃ​គាត់​បាន​មក​ដល់​ល្មម ក៏​បាន​ជួយ​យក​អីវ៉ាន់​ចេញ​ពី​ឡាន​ឡើង​ទៅ​បន្ទប់​សំរាក​នៅ​ជាន់​ទី៧។ ចំណែក​ប្រពន្ធ​ខ្ញុំ​នឹង​ម៉ីង​ត្រូវ​ទៅ​សំរាក​នៅ​បន្ទប់​បន្ដោះអាសន្ន​សិន។ នៅ​ក្នុង​បន្ទប់​សំរាក​បន្ដោះ​អាសន្ន​នោះ ប្រពន្ធ​របស់​ខ្ញុំ​ចាប់​ផ្ដើម​មាន​កាអាការះឈឺ​ពោះ​ខ្លាំង​ជាង​មុន។ ខ្ញុំ​បាន​ទាញ​យក Ipad រួច​ បើក​កម្ម​វិធី​វាស់​ការ​រំញោច​ស្បូន  ដើម្បី​អោយ​ដឹង​ថា តើ​វា​ឈឺ​ញ៉ាប់​ ឬ​រង្វើល។ ការ​វាស់​បាន​បង្ហាញ​ថា ការ​ឈឺ​ពោះ​កាន់​តែឈឺ​ញ៉ាប់​ទៅៗ ពេល​នោះ​ម៉ោង​ប្រហែល​ជា១២ថ្ងៃ​ទឹក​ភ្លោះ​ក៏​បាន​ហូរ​ច្រើន​ជាង​មុន នឹង​មាន​លាយ​ឈាម​ផង (នោះ​បង្ហាញថា ការ​ឈឺពោះនេះ​ជិត​ដល់​ការ​សំរាល​កូន​កៀក​ជាង​មុន​ហើយ។) យើង​ក៏​បាន​ហៅ​ជំនួយ​ការ​ពេទ្យ​មក។ ពេទ្យ​បាន​មក​ដល់ ហើយ​បាន​ផ្ដល់​យោបល់​ និង​លំហាត់​មួយ​ចំនួន​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រួច​ហើយ​ពេទ្យ​បាន​ប្រាប់​អោយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បន្តិច​សិន​ទៅ ដើម្បី​យក​កម្លាំង​​សំរាប់​សំរាល​កូន​ក្នុង​ពេល​បន្តិច​ទៀត​នេះ។ ខ្ញុំ​បាន​ជួយ​សំរួល​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​​ រៀបចំអាហារ​សំរាប់​គាត់ (អាហារ​ផ្ដល់​ដោយ​មន្ទីរពេទ្យ) ហើយ​បញ្ចុក​គាត់។ បន្តិចៗ​ម្ដងៗ​ គាត់​បើកមាត់​មួយ​ៗ​ហារ​មាត់ ទាំង​យក​ដៃ​អោប​ពោះ ដោយ​អាការះឈឺផ្អួលៗ។ ញ៉ាំ​បាន​តែ​២ទៅ៣ម៉ាត់​គាត់​ក៏​ឈប់​ថា​គ្មាន​អារម្មណ៍​ញាំ​ទេ ព្រោះ​ឈឺ​ពោះ​ណាស់ ខ្ញុំ​ក៏​បាន​អោយ​ទឹក​គាត់​ផឹក​បន្តិច​ហើយ​ក៏​រៀប​ចំសំរាប់​គាត់​ទៅ​កាន់​បន្ទប់​សំរាល។ ម៉ីង​របស់​ខ្ញុំ​ទៅ ជាមួយ​គាត់ ចំណែក​ខ្ញុំ​ត្រូវ​នៅ​ញ៉ាំបាយ​បន្តិច​សិន រួច​ហើយ​ចាំ​ដូរ​គ្នា​ជាមួយ​នឹង​គាត់ម្ដង។

Amra . អាំរ៉ា
អរគុណណាស់​ ដោយបានចែកច ាយសាច់រឿងគ ្រួសារ....តើហ˜áž¶áž“តទៀតáž...View More
Pisit
នៅ​មាន​ត​ទ ៀត​បង!
Pisit
នេះ​វគ្គ័​ ទី២ http://cambodianchristian.com/home/index.php?do=/b...