April 4, 2012 by

 អត្ថបទ សិក្សាព្រះបន្ទូល

                                                បំណងនៃព្រះហឬទ័យ

ព្រះយេហូវ៉ាដ៏ជាព្រះអទិករ ទ្រង់បានរើស សាសន៍អ៊ីស្រាអែល ជារាស្រ្តរបស់ទ្រង់ មុនគេបង្អស់ ដើម្បីបង្ហាញអង្គទ្រង់ ឱ្យមនុស្សបានស្គាល់ ថាទ្រង់ជាព្រះ ដ៏ពិតតែមួយ។ ថ្វីដ្បិតតែសាសន៍ អ៊ីស្រាអែល បានជឿព្រះយេហូវ៉ា ជាព្រះដ៏ពិតនោះ ជាច្រើនពាន់ឆ្នាំ មកហើយ តែភាគច្រើនគេ នៅ តែបដិសេដ្ឋ មិនទទួលស្គាល់ ព្រះយេស៊ូវគ្រិស្ទ ថាជាព្រះ តាំងតែពេលដែលគេ បានឃើញទ្រង់កើត បានរស់នៅជាមួយ បានប្រាប់គេត្រង់ៗ ថាទ្រង់ជាអ្នកណា បានសម្តែង ទីសម្គាល់ អស្ចារ្យ ជាច្រើន ឱ្យគេបានឃើញ ហើយគេក៏ បានដឹងពី បទគម្ពីរ ទំនាយ ទាំងអស់ ដែលទាយ អំពី ព្រះមេស៊ី ជាព្រះ ដ៏សង្រ្គោះ នឹងមកកើតក្នុង ចំណោមរាស្រ្ត អ៊ីស្រាអែល ដើម្បីជួយ រំដោះគេឱ្យរួចពីគ្រោះថ្នាក់ដ៏ធំ ថាចុះហេតុអ្វី បានជាគេ នៅតែ មិនជឿទ្រង់ដូច្នេះ?

ប្រជាជន អ៊ីស្រាអែល គេបានសង្ឃឹម គិតស្មានថា បើព្រះមេស៊ីបាន កើតមកមែន នៅជំនាន់នោះ ទ្រង់នឹង កំចាត់ សត្រូវ ចក្រភព រ៉ូម រំដោះ រាស្រ្តអ៊ីស្រាអែល ឱ្យមាន សេរីភាពវិញ ជាមិនខាន ដូច ពីកាលលោកម៉ូសេ បានរំដោះ ជីដូនជីតា គេចេញពីខ្ញុំកញ្ជះ នៃប្រទេសអេស៊ីព្ទ ដូច្នោះ ដែរ សូម្បី តែ សិស្ស ព្រះយេស៊ូវ មួយចំនួន ក៏សង្ឃឹមដូច្នោះដែរ បើយើងពិនិត្យ ព្រះមន្ទូលឱ្យ បានល្អិត យើង ឃើញថា សិស្ស របស់ទ្រង់ ស្ទើរ តែទាំងអស់ ឥតបានស្គាល់ ទ្រង់ច្បាស់ទេ រហូតដល់ ទ្រង់សុគត រស់ ឡើងវិញ យាងត្រឡប់ទៅ ស្ថានសួគ៌វិញ ជាពិសេស រហូតដល់ ព្រះ វិញ្ញាណ បរិសុទ្ធ មកសន្ថិត លើគេ នៅថ្ងៃទី៥០ ទើបគេ លែងសង្ស័យ បានប្រាកដក្នុងចិត្ត ហើយប្តេជ្ញាចិត្ត បំរើទ្រង់។

រាស្រ្តអ៊ីស្រាអែល  បានផ្តោតបំណងរបស់ខ្លួនខុស ពីបំណងព្រះហឬទ័យរបស់ព្រះៗ គឺទ្រង់យាង មកដើម្បីរំដោះរាស្ត្រអ៊ីស្រាអែល ឱ្យរួចពីបាប ឱ្យរួចពីបន្ទុកខ្ញុំកញ្ជះពីពួកអារក្សសាតាំង ផ្នែកព្រលឹង វិញ្ញាណ មិនមែនឱ្យរួច ពីអាណានិគម នៃចក្រភពរ៉ូមជាអំណាច ផ្នែកនយោបាយ នោះទេ។

ដូច្នេះការស្វែងយល់ ពីព្រះហឬទ័យ របស់ព្រះ ជាការសំខាន់ណាស់ ក្នុងការសិក្សាព្រះបន្ទូល។ ជា ការល្អ មិនត្រូវស្មាន អំពីព្រះហឬទ័យ កុំគិតថាចិត្តយើងដូចជាព្រះហឬទ័យព្រះ កុំយល់ច្រឡំថា ការយល់សប្តិ របស់យើងជា ព្រះហឬទ័យព្រះ។ ក្នុងព្រះគម្ពីរ អេសាយ 55៖8-9 បាននិយាយថា៖ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គំនិត​អញ មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ។៩ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

ពីប៉ុន្មានឆ្នាំមុននេះ រដ្ឋ Florida បានប្តឹង ពួក Christian Science មួយក្រុម ដែលគេមិនបានយកកូនឈឺ ទៅព្យាបាលនៅមន្ទីរពេទ្យទេ គេគិត តែនាំ គ្នាអានគម្ពីរ ហើយអធិស្ឋាន ព្រោះគេមានជំនឿថា ព្រះនឹង ព្យាបាល កូនរបស់គេនោះ ឱ្យជាវិញ គេទទួច អធិស្ឋានរហូតដល់ កូននោះ ស្លាប់។ ដោយហេតុនេះ ទើប រដ្ឋាភិបាលប្តឹង ពួកគេនោះអំពីបទ មិនយកចិត្តទុកដាក់ ព្យាបាលកូន បណ្តោយឱ្យកូនស្លាប់។ នេះក៏ជាមេរៀន ដល់អ្នក មានជំនឿ ដែលមិនយល់ពី ព្រះហឬទ័យ។  ដូច្នេះហើយបានជា អ្នកមាន ជំនឿ ត្រឹមត្រូវ គឺយើងនាំគ្នា អធិស្ឋាន ឱ្យអ្នកជម្ងឺ ទាំងឱ្យ លេបថ្នាំ ហើយថែមទាំងនាំ ទៅមន្ទីរពេទ្យផង មិនមែនគ្រាន់ អធិស្ឋាន និងអានគម្ពីរប៉ុណ្ណោះទេ ព្រោះព្រះហឬទ័យ ចំបង របស់ព្រះអម្ចាស់ មិនមែន មកសង្រ្គោះ ព្យាបាល រោគា និងមកផ្តល់ចំណីអាហារឱ្យ មនុស្សមានបាបយើងនោះទេ ព្រះទ្រង់ធ្វើការ ទាំងនោះដែរ បើទ្រង់ សព្វ ព្រះហឬទ័យ។ ប៉ុន្តែព្រះហឬទ័យចំបងរបស់ទ្រង់ គឺសង្គ្រោះ ព្រលឹងមនុស្ស មានបាប ដែលនឹងត្រូវធ្លាក់ ទៅក្នុងបឹងភ្លើង ឱ្យបានឡើង ទៅ នៅស្ថានសួគ៍វិញ។ គេបានធ្វើ ការស្រាវ ជ្រាវ ក្នុងចំណោម អ្នកជម្ងឺក្នុងមន្ទីរពេទ្យ បានឱ្យដឹងថា មានចំនួនតែ 13% នៃអ្នកមាន ជំនឿ ប៉ុណ្ណោះ ដែលព្យាបាលមាន ប្រសិទ្ធិភាព ជាងអ្នកជម្ងឺដែលឥតជំនឿ។  

ដូច្នេះហើយបានជាយើងឃើញថា ជីវិតគ្រិស្ទាន្ទ នៅតែមានទុក្ខ ផ្នែកសាច់ឈាម ស្រដៀងគ្នា នឹងពួក អ្នកមិនជឿដែរ ព្រោះព្រះហឬទ័យ ចំបង របស់ទ្រង់ មិនមែន ជួយរំដោះឱ្យរួចពីទុក្ខសោក ផ្នែកសាច់ ឈាម  ទេទោះអ្នកនោះអានព្រះគម្ពីរ ឥតឈប់ឈរ ឬទោះអ្នកនោះ ជាអ្នកបំរើ, ជាសាវៈ, ជា ហោរា, ជាគ្រូគង្វាល ក្តីនៅតែ ទទួលទុក្ខសោក ផ្នែកសាច់ឈាម ដូចគ្នា យោលទៅតាមកាលៈទេសៈ។

មេរៀននេះអាចជួយពង្រឹង សេចក្តីជំនឿយើង នៅពេលយើងជួបប្រទះ នឹងទុក្ខសោក ផ្នែកសាច់ឈាម ទោះតែយើង មិនបានទទួល ចម្លើយ ល្អពីសេចក្តីអធិស្ឋាន របស់យើងក៏ដោយ ក៏យើងនៅតែមិន អាក់ អន់ចិត្តនឹងព្រះដែរ ព្រោះយើងបានយល់ពី ព្រះហឬទ័យ ទ្រង់រួចហើយថា ទ្រង់មករំដោះព្រលឹង យើង មិនមែនសាច់ឈាមទេ ព្រោះសាច់ឈាម នេះនឹងត្រូវស្លាប់ទៅ ជាដីវិញប៉ុណ្ណោះ។

 

1 Liked
 likes this.